ពិធីបុណ្យចូលឆ្នាំខ្មែរ
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក យើងបានប្រទះ ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សី ទាំងពួងផង ហើយបានជាអាចារ្យសម្ដែងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។
គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម ១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ “ខ” ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ព្រះសិរទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅ ក្រោមដើម ត្នោតមួយគូ ដើមត្នោតនោះ សត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។
ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងនោះនឹងរាំង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលព្រះសិរបិតា ថាហើយព្រះអង្គក៏កាត់ព្រះសិរហុច ទៅឲ្យ ព្រះនាងទុង្សាជាកូនច្បង ព្រះនាងទុង្សាក៏បានយកពានមកទទួលព្រះសិរបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទីទើបអញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ប្រការ ឈ្មោះថា “ភគ វតីសភា” ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តតនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវ៍នបត ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?
ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក
ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕